ភ្នំពេញ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយក្រសួង     ធម្មការ និងសាសនាបានរៀបចំកម្មវិធីពិសាអាហារសាមគ្គី​ (ស្រាយបួស)។​ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវេលាម៉ោង១៧.០០ ដល់ ១៩.០០ ល្ងាច នៅសណ្ឋាគារ Le Grand Palais Boutique Hotel ដែលមានភ្ញៀវចូលរួមមកពីសាសនាផ្សេងៗគ្នាសរុបចំនួន ជាង១០០ នាក់ និងក្រោមអធិបតីភាពរបស់  ឯកឧត្តម សុះ មុស៊ីន  រដ្ឋលេខាធិការក្រសួងធម្មការ​ និងសាសនា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

គោលបំណងក្នុងការរៀបចំកម្មវិធីពិសារអាហាមិត្តភាពនេះគឺដើម្បីអបអរសាទរ របស់សាសនិកឥស្លាមកម្ពុជា ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលមានគោលជំនឿ និងវប្បធម៌ផ្សេងពីគ្នា​ និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរជាងមុនរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះដែរក៏បានផ្ដល់ឲកាសឲ្យអ្នកចូលរួមទាំងអស់មកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជម្រុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំងនៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក។

ឯកឧត្តម សុះ មុស៊ីន  រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា៖ ពិធីជួបជុំពិសារអាហារមិត្តភាព នាពេលនេះគឺជាឱកាសមួយដ៏វិសេស សម្រាប់អ្នកដែលមានគោលជំនឿ និងវប្បធម៍ផ្សេងៗគ្នា តែអាចមកអង្គុយតុជាមួយគ្នា ជជែក និងពិភាក្សាគ្នា ដើម្បីរិះរកវិធានការណ៏ធ្វើយ៉ាងណា អោយវិស័យសាសនា នៅកម្ពុជា មានសុខដុមនីកម្មនិងkarអភិវឌ្ឍន៍។

ជាមួយគ្នានោះដែរ លោក ហាកាន់ អាតាសឺវ័រ នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា៖ ខ្ញុំជឿជាក់ថា សាសនាដែល ល្អប្រសើរ ជាសាសនាគោល ទូទៅមានគុណតម្លៃស្រដៀងគ្នាលើការស្រឡាញ់ ការគោរព អ្វីដែលខុសរឺត្រូវ ព្រមទាំងសមធម៏ និង​ យុត្តិធម៏។ ដូច្នេះហើអន្តសាសនាមានសារៈសំខាន់ណាស់ ជាស្ពានចម្លងអោយ មនុស្សដែលមានសាសនាខុសៗគ្នា យល់ដឹងពីគ្នាកាន់តែខ្លាំង។