ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ អង្គការវិទ្យាស្ថានសន្ទនាមេគង្គសហការជាមួយសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានរៀបចំពិធីអបអរសាទរការរឹតចំណងកិច្ចសហប្រតិបត្តិការនៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដែលមានភ្ញៀវចូលរួមជាងសរុបចំនួនជាង ៣៥ នាក់​ដែលជាថ្នាក់ដឹកនាំ សហការី និងសមាជិកនៃស.ស.ស.ក និងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ។

គោលបំណងក្នុងការរៀបចំពិធីស្រាយបួសនេះគឺដើម្បីរឹតបន្តឹងនូវកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរជាងមុនរវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)បន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។ កម្មវិធីនេះដែរក៏បានផ្ដល់ឲកាសឲ្យអ្នកចូលរួមដែលមកពីសារព័ត៌មានខុសៗគ្នាមកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជម្រុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំងនៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក។ យ៉ាងណាមិញ នេះគ្រាន់តែជាការបើកទំព័រដំបូងនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ ហើយនៅពេលអនាគត ឆាប់ៗខាងមុខស្ថាប័នទាំងពីរនឹងមានការសហការលើកម្មវិធី និងគម្រោងថ្មីៗបន្តទៀត។